ប្អូន​ស្រី មឿន ស្រី​លក្ខណ៍​ បាន​និយាយ​ថា​ ក្នុង​នាម​​ជា​ក្មេង​ម្នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា​នេះ នាង​សូម​​សំណូមពរ​ឲ្យ​បង​ប្អូន​ពុក​ម៉ែ​ទាំង​អស់ទាំង​​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ សូម​ជួយ​ដល់​កុមារ​កំព្រា​កំពុង​តែ​ជួប​នូវ​ការ​លំបាកផង។

ស្រីលក្ខណ៍​ និយាយ​ថា “នៅ​ក្នុង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល និង​ថែ​ទាំ​កុមារ​កំព្រា​ រាល់​ការ​រស់​នៅ​របស់​ពួក​ខ្ញុំ​តែង​ជួប​​ការ​លំបាក​…ពេល​ខ្លះ​​ ​​​ដាច់​បាយ​មួយ​ពេល​ទៅ​ពីរ​​ពេល​ក៏​មាន​ដែរ… សូម​​​​​​​​ពុក​ម៉ែ​បង​ប្អូន​ទាំង​អស់​ ជួយ​ដោះ​ស្រាយ​ការ​លំបាក​​របស់​ពួកយើង​​ផង”។

បន្ថែម​ពី​នេះ​ដែរ ប្អូន​ប្រុស​ សា​រ៉ន អាយុ​១៤​ឆ្នាំ​ រៀន​ថ្នាក់​ទី​៥ នៅ​សាលា​​បឋម​សិក្សា​ ផ្លេក ភីរុណ និង​ជា​កុមារ​កំព្រា​មួយ​រូប​ក្នុង​មជ្ឈមណ្ឌល​នេះ​បាន​ឲ្យ​ដឹង​ថា​ រូប​គេ​​មក​ពី​ខេត្ត​កំពង់​ចាម​​មក​នៅ​ទីនេះ​តាម​រយៈ​ពូ។ ប្អូន​​បាន​មក​រស់​នៅ​ក្នុង​មណ្ឌល​នេះ​ ​ប្រមាណ​ជា​ពីរ​ឆ្នាំ​ហើយ​។

មជ្ឈមណ្ឌល​អត់​ទាន់​មាន​សម្ភារៈ​គ្រប់គ្រាន់​សម្រាប់​​ប្រើប្រាស់​នោះ​ទេ។ ដូច្នេះ​ ប្អូន​សំណូមពរ​​ដល់​​មនុស្ស​គ្រប់​រូប​មិន​ថា សូម​ជួយ​ជា​ប្រាក់​កាស និង​សម្ភារៈ​ផ្សេងៗ​ផង​ ដើម្បី​ឲ្យ​ពួកគេ​មាន​របស់​របរ​ប្រើប្រាស់​គ្រប់គ្រាន់។

“កន្លែង​ខ្ញុំ​​​អត់​មាន​អី​ច្រើនទេ អត់​មានបាយ​ហូប អត់ខោអាវ។ ពេល​ខ្លះ​ពួក​ខ្ញុំ​ហូប​បាយ​​នឹង​អំបិល​ ក៏​មាន​ដែរ”។ ភីរុណ ​រៀប​រាប់​​​ដូច្នេះ។

និយាយ​បណ្ដើរ​ហូប​បាយ​បណ្ដើរ ជួប ផាន្នី សិក្សា​ថ្នាក់​ទី​៦ នៅ​សាលា​​បឋម​សិក្សា ផ្លេក ភីរុណ​ដែរ ​​បាន​​រៀបរាប់​​ថា រូប​គេ​ជា​ក្មេង​កំព្រា​មក​ពី​ខេត្ត ព្រៃវែង ​ឪពុក​ម្ដាយ​ស្លាប់​ព្រោះ​កើត​ជំងឺ​អេដស៍ ហើយ​បាន​មក​រស់​នៅ​ទី​នេះ​តាម​រយៈ​អ៊ុំ។ ផាន្នី​បាន​ចូល​រស់​នៅ​ក្នុង​មណ្ឌល​បាន​ប្រមាណ​ជា​មួយ​ឆ្នាំ​ហើយ​​។

ផាន្នី​ ​និយាយ​ថា “ខ្ញុំ​ចង់​ឲ្យ​បងៗ​ទាំង​អស់​នាំ​អំណោយ​ឲ្យ​បាន​ច្រើន​មក​កាន់​កន្លែង​របស់​ខ្ញុំ ព្រោះ​អី​កន្លែង​របស់​ខ្ញុំ​ជួប​នូវ​ផល​លំបាក​ច្រើន​ ទាំង​សំលៀក​បំពាក់​និង​ការ​ហូប​ចុក។ មាន​តែ​បងៗ​ទេ ​ដែល​អាច​ជួយ​ដោះ​ស្រាយ​ការ​លំបាក​របស់​ពួក​ខ្ញុំ​បាន”។

ប្អូន​ ​បន្ថែម​ថា​ ប្អូន​គ្មាន​អ្វី​ជា​ទី​ពឹង​ទេ​ ក្រៅ​ពី​ការ​ស្នើ​សុំ​ជំនួយ​ពី​មនុស្ស​គ្រប់​​គ្នា​ដែល​រស់​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។  “…បើ​ពុក​ម៉ែ ​បង​ប្អូន​អាណិតអាសូរ​ដល់​ពួក​ខ្ញុំ​​ សូម​មេត្តា​ ផ្ដល់​​អាហារ ​ស្លៀក​ពាក់​ ​ឲ្យ​គ្រប់​គ្រាន់​ ​ដល់​ពួក​ខ្ញុំផង​”។ ផាន្នី​ទទួច​សុំ​​​បែប​នេះ។

ចំណែក ផា ភីន​វិញ ដែល​កំពុង​តែ​ឈ្ងោក​ហូប​បាយ​បាន​និយាយ​ថា​ រូប​​គេ​មាន​អាយុ​១៣​ឆ្នាំ​ រៀន​នៅ​សាលា​បឋមសិក្សា អន្លង់​ជ្រៃ។ ប្អូន​ប្រុស​ ​មាន​ស្រុក​កំណើត​នៅ​​ខេត្ត​កំពង់​ឆ្នាំង ហើយ​មក​រស់​នៅ​ក្នុង​មណ្ឌល​ប្រមាណ​ជា​ពីរ​ខែ​តែ​ប៉ុណ្ណោះ។

ផាភីន ​រៀប​រាប់​​ថា​ ប្អូន​មិន​ដែល​បាន​ហូប​ឆ្ងាញ់​បែប​ហ្នឹង​ទេ​ពី​មុន​មក ទើប​តែ​ពេល​នេះ​ដែល​បងៗ​សិល្បករ សិល្បៈ​ការិនី​​មក​គេ​ធ្វើ​ហូប​ឆ្ងាញ់។ រាល់​ដង​សម្ល​​មាន​តែ​ទឹក​និង​បន្លែ​​ប៉ុណ្ណោះ។ ទាំង​នេះ​ ដោយសារ​តែ​អត់​សូវ​មាន​អ្នក​ណា​មក​ជួយ​ឧបត្ថម្ភ​ច្រើន​ឡើយ។

“ខ្ញុំ​ចង់​ឲ្យ​បងៗ​ជួយ​ផ្ដល់​អាហារ និង​សម្ភារៈ​ឲ្យ​បាន​ច្រើន​មក​ដល់​ពួក​ខ្ញុំ ព្រោះ​អី​សព្វ​ថ្ងៃ​បង​ឃើញ​ស្រាប់​ហើយ ​អត់​ទាន់​មាន​អី​គ្រប់គ្រាន់​ផង។ បើ​សិន​ជា​អាច​ផ្ដល់​ច្រើន​កាល​ណា​ល្អ​កាល​ហ្នឹង ដើម្បី​ឲ្យ​យើង​ទាំង​អស់​គ្នា​បាន​រស់​នៅ​ដោយ​សុខ​ស្រួល”។​ ផានីន​សំណូម​ពរ​បែប​នេះ។

លោក មឿន ចំរើន​​ ជា​ប្រធាន​អង្គការ​បណ្ដុះបណ្ដាលនិង​ថែ​រក្សា​កុមារកំព្រា​​​ទំាង​នេះ​ បាន​រៀបរាប់​ថា​ ក្នុង​មជ្ឈមណ្ឌល​ទាំង​មូល​ជួប​ការ​លំបាក​ជា​ខ្លាំង​ ក្មេង​កំព្រា​ទាំង​អស់​នៅ​ទីនេះ​ មិន​ទាន់​​​​អាច​រស់​នៅ​និង​ហូប​ចុក​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។ ទាំង​នេះ​ ក៏​ដោយ​សារ​​តែ​ មិន​សូវ​មាន​សប្បុរស​ជន​​ក្នុង​និង​ក្រៅ​ស្រុក ចូល​​រួម​ចំណែក​ឲ្យ​បាន​ច្រើន​។ ម្យ៉ាង​ទៀត​អង្គការ​នេះ​ មិន​ទាន់​មាន​ដៃ​គូរ​សហការ​នៅ​ឡើយ​ទេ មិន​ថា​ក្នុង​ស្រុក​ ឬ​ក្រៅ​ស្រុក អីចឹង​ហើយ​ ការ​លំបាក​កើត​មាន​សម្រាប់​កូន​ក្មួយ​ទាំង​អស់​មាន​ច្រើន​ ទាំង​ការ​រស់​នៅ​ហូប​ចុក និង​ស្លៀកពាក់។

ប្រធាន​អង្គការ​បណ្ដុះបណ្ដាល និង​ថែ​រក្សា​កុមារកំព្រា ​​​រូប​​នេះបន្ត​ថា “ក្នុង​មួយ​ខែៗ​ចំណូល​បាន​មក​ពី​សប្បុរស​ជន​នានា​ បាន​តែ​ជាងមួយ​ពាន់​ដុល្លារ​តែ​ប៉ុណ្ណោះ ហើយ​ត្រូវ​ចំណាយ​ទៅ​វិញ​ ប្រមាណ​ជា​ង​បួន​ពាន់​ដុល្លារ​។ មាន​ពេល​ខ្លះ​ ត្រូវ​យក​លុយ​ផ្ទាល់​ខ្លួន​ដើម្បី​ជួយ​ដោះ​ស្រាយ​ការ​លំបាក​ទៅ​ដល់​កូន​ក្មួយ​ទាំង​អស់​គ្នា”។

លោក មឿន ចំរើន បាន​សំណូមពរ ​ទៅ​ដល់​មជ្ឈដ្ឋាន​ទូទៅ​មេត្តា​ជួយ​ជា​ថវិកា សម្ភារៈ​ទោះ​តិច​ក្ដី​ច្រើន​ក្ដី ព្រោះ​អី​ពេល​នេះ​មជ្ឈមណ្ឌល​កំពុង​ខ្វះខាត​ជា​ខ្លាំង។

លោក​ បញ្ជាក់​ផង​​ដែរ​ថា​ អង្គការ​បណ្ដុះបណ្ដាល និង​ថែ​រក្សា​កុមារ​កំព្រា បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៩ ដំបូង​ឡើយ ​​មាន​ទី​តាំង​បណ្ដោះ​អាសន្ន នៅ​សាលា​បឋមសិក្សា​ ផ្លេក ភីរុណ ដោយ​ចិញ្ចឹម​កុមារ​កំព្រា​១២​នាក់ និង​បុគ្គលិក​៤​នាក់។ តែ​រហូត​មក​ដល់​ឆ្នាំ​២០០៦​ ​កុមារ​កំព្រា​ បាន​កើន​ឡើង​ដល់​ទៅ​៨០​នាក់ ព្រម​ទាំង​បុគ្គលិក​ ១០​នាក់ ហើយ​ចាប់​តាំង​ពី​ឆ្នាំ​២០០៧ មក​ដល់​បច្ចុប្បន្ន​បាន​កើន​ឡើង​ដល់​ទៅ​ ១២៨​នាក់ ក្នុង​នោះ​ស្រី ៥៦​នាក់។

ទាំង​អស់​នេះ ​ជា​ការ​លំបាក​ដែល​កើត​មាន​ឡើង​ក្នុង​មជ្ឈមណ្ឌល​ទាំង​មូល។ ដូច្នេះ​ហើយ​ មាន​តែ​សំណូមពរ​ទៅ​ដល់​បង​ប្អូន​ខ្មែរ​ទាំង​​អ្នក​​រស់​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ ​មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​ពួក​​គេ​។ មាន​តែ​បង​ប្អូន​ទេ ដែល​ផ្ដល់​ក្ដី​សង្ឃឹម​ទៅ​ដល់​ពួកគេ​!

អត្ថបទៈ អ៊ីង សុឡា
រូបថតៈ លន ហ្សាឌីណា

ប្រភពៈ គេហទំព័រSabay