Khmer (Cambodia)
HOME ព័ត៌មាន បទពិសោធន៍​ជោគ​ជ័យ Success story ប្រុស​ឆ្លាត​ស៊ី​ធី​អិន ដែល​សាក​សមជា​យុវជន​គំរូ​ម្នាក់ អតីត​កុមារ​ក្រីក្រ​មួយរូប​ដែល​បាន​ចូលរួម​យ៉ាងខ្លាំង​ក្លា​ជាមួយ​ការងារ ​អភិវឌ្ឍន៍​សង្គម
ម្ចាស់ជំនួយ
Please wait while JT SlideShow is loading images...
Plan International CambodiaSave the Children Australia
Visitor Counter

StatCounter - Free Web Tracker and Counter

counter on myspace

Online user

free counters

Subscribe News via Email

Enter your email address:

Delivered by FeedBurner

YouCMSAndBlog Module Generator Wizard Plugin

ប្រុស​ឆ្លាត​ស៊ី​ធី​អិន ដែល​សាក​សមជា​យុវជន​គំរូ​ម្នាក់ អតីត​កុមារ​ក្រីក្រ​មួយរូប​ដែល​បាន​ចូលរួម​យ៉ាងខ្លាំង​ក្លា​ជាមួយ​ការងារ ​អភិវឌ្ឍន៍​សង្គម

nara1នៅ​រៀងរាល់​យប់ ក្នុងអំឡុងពេល​សម្រាក​ពិសារ​អាហារ​ពេល​ល្ងាច ចន្លោះ​ម៉ោង ៧ ទៅ ម៉ោង ៨យប់ ប្រិ​យ​មិ​ត្ដ​ដែល ចូលចិត្ដទ​ស្សនា​កម្មវិធី​ព័ត៌មាន​របស់​បណ្ដាញ​ទូរទស្សន៍​កម្ពុជា ស៊ី​ធី​អិន ប្រាកដជា​បានឮ​ការអាន​ព័ត៌មាន របស់​ពិធីករ-ពិធី​ការិនី ជាច្រើនរូប​របស់​ស្ថានីយ៍ទូរទស្សន៍​នេះ។ យុវជន អោម ចែត​ច័ន្ទ​ណា​រ៉ា អាយុ២១ ឆ្នាំ​ដែលជា​អតីត​ជ័យលាភី​ប្រុស​ឆ្លាត​ឆ្នាំ ២០០៩ ជា​ពិធីករ​មួយរូប ក្នុងចំណោម​ពិធីករ-ពិធី​ការិនី​អាន​ព័ត៌មាន​ជាច្រើនរូប របស់​ស្ថានីយ៍ទូរទស្សន៍​ដ៏​មាន​ប្រជាប្រិយភាព នេះ។

ពិធីករ​វ័យក្មេង​រូបនេះ បានទទួល​ចំណាត់ថ្នាក់​លេខ១ ក្នុង​កម្មវិធី​ប្រកួតប្រជែង​សមត្ថភាព​មួយ​ឈ្មោះថា “កម្មវិធី​ស្រី ឆ្លាត​ប្រុស​ឆ្លាត២០០៩” ដែល​រៀបចំឡើង​ដោយ​ស្ថានីយ៍ទូរទស្សន៍​ស៊ី​ធី​អិន​ជា​រៀងរាល់ឆ្នាំ ចាប់ពី​ឆ្នាំ ២០០៥ មក។ អតីត​ប្រុស​ឆ្លាត២០០៩ ដែលមាន​រូប​សម្បត្ដិ​ស្រស់​សង្ហារ​អំណោយផល​ពី​ធម្មជាតិ ទឹកដម​សម្លេង​មាន​ភាព​ទាក់ទាញ និង​បទ ពិសោធន៍​ការងារ​សង្គម​ដ៏​ច្រើន រូបនេះ បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង​កសាង​កេរ្ដិ៍ឈ្មោះ និង​ប្រជាប្រិយភាព ក្នុង​វិស័យ​សិល្បៈ ដែល​កំពុង​រីកចំរើន​យ៉ាងខ្លាំង​ក្នុងសង្គម​កម្ពុជា​បច្ចុប្បន្ន។

ជាមួយនឹង​ទឹកមុខ​ដ៍​មាន​ប្រជាប្រិយ រាង​ខ្ពស់ស្រឡះ មាឌធំ សម្បុរ​ស និង​សម្លេង​ពិ​រោះ​គួរឱ្យ​ចង់​និយាយ​លេង​ជាមួយ ណា​រ៉ា ជា​អ្នកស្រុក​ខេត្ដ​ព្រះសីហនុ ដែលមាន​ជីវភាព​មិនសូវ​ជា​សំបូរបែប​ប៉ុន្មាន​ទេ។ ឪពុក​ជា​មន្ដ្រីនគរបាល ម្ដាយ​ជា​មេផ្ទះ និង​មាន​បងប្អូន៤នាក់ ណា​រ៉ា ជា​កូន​ទី២ នៅក្នុង​គ្រួសារ។ បើទោះជា​មាន​ជីវភាព​មិនសូវ​ធូរធា​រក៍​ដោយ ក៍​ណារ៉ាទ​ទួលបាន​នូវ ភាពកក់ក្ដៅ សុភមង្គល និង​ការគាំទ្រ​គ្រប់យ៉ាង​ពី​គ្រួសារ ហើយ​បងប្អូន​ទាំង​បួន​នាក់ សុទ្ធតែ​បាន​ចូលរៀនគ្រប់ៗគ្នា។  “ខ្ញុំ​អាច ឈាន​ជើង​មកដល់ពេលនេះ ព្រោះតែ​ការតាំងចិត្ដ និង​ការជួយជ្រោមជ្រែង​ពី​គ្រួសារ​របស់ខ្ញុំ” ណា​រ៉ា​និយាយ។

ណា​រ៉ា ដែល​ធ្លាប់ជា​ក្មេង​ដើរ​លក់​កាសែត​តាម​ហាង​កាហ្វេ បាន​ប្រលង​ជាប់​សញ្ញាប័ត្រ​ទុតិយភូមិ នៅ​ខេត្ដ ព្រះសីហនុ​ក្នុង​ឆ្នាំ ២០០៨ ដោយ​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​មានការ​ជំរុញ​គាំទ្រ និង​លើក​ទឹក​ចិ​ត្ដ​ពី​ឪពុកម្ដាយ។ សព្វថ្ងៃ ណា​រ៉ា ជា​និស្សិត​ឆ្នាំ​ទី២ នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ ផ្នែក​អក្សរសាស្ដ្រ​អង់គ្លេស នៅ​រាជធានី​ភ្នំពេញ និង​ជាទី​ប្រឺ​ក្សា​របស់ បណ្ដាញ​កុមារ​អ្នកតស៊ូ​មតិ (ប.ក.ត) Child Advocate Network (CAN) នៃ​គណៈកម្មាធិការ​អង្គការ​មិនមែន រដ្ឋាភិបាល​ដើម្បី​សិទ្ធិ​កុមារ (NGOCRC) ដែលមាន​ការិយាល័យ​ក​ណ្ដា​ល​នៅ​ភ្នំពេញ និង​តំបន់​ប្រតិ​ប​ត្ដិ​ការ​ក្នុង ១១រាជធានី-ខេត្ដ។

ពិធីករ​រូប​សង្ហារ​ម្នាក់នេះ​បានឱ្យដឹង​ទៀតថា ជីវិត​របស់លោក​បាន​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ក្នុង​ឆ្នាំ២០០៥ នៅពេល​ដែល​លោក បាន​ស្ម្រ័គ​ចិ​ត្ដ​ចូល​ជា​សមាជិក​ក្លឹប​ក្រុម​ការពារ​កុមារ របស់​អង្គការ​លីកាដូ​ខេត្ដ​ព្រះសីហនុ។ សមត្ថភាព​​ត្រឹម​កុមារ​ធម្មតា​ម្នាក់ របស់គាត់ ត្រូវបាន​ពង្រឹង និង​អភិវឌ្ឍ តាមរយៈ​សកម្មភាព និង​កម្មវិធី​ទាំងឡាយ​​របស់​ក្លឹប។ នៅ​ឆ្នាំ២០០៦ លោក​ក៍បាន ស្ម័គ្រ​ចិ​ត្ដ​ចូល​ជា​សមាជិក​បណ្ដាញ​កុមារ​អ្នកតស៊ូ​មតិ (CAN) របស់​អង្គការ NGOCRC និង​ជា​សមាជិក នៃ​ក្រុម​ចលនា​កុមារ និង​យុវជន​ដើម្បី​សិទ្ធិ​កុមារ (CCYMCR) របស់​អង្គការ​មូលនិធិ​សិទ្ធិ​កុមារ (CRF) បន្ថែមទៀត។ ការចូល​រួមជាមួយ ក្លឹប​កុមារ និង​បណ្ដាញ​កុមារ​របស់​អង្គការ​នានា​ខាងលើ បានធ្វើឱ្យ​ភាពក្លាហាន សមត្ថភាព​ក្នុង​ការគិត ការនិយាយ​វែកញែក និង​ចំណេះដឹង​សង្គមផ្សេងៗ ជាពិសេស​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​សិទ្ធិ​កុមារ របស់​ណា​រ៉ា ត្រូវបាន​ដុសខាត់។ ទីបំផុត​ចំណេះដឹង និង​បទពិសោធន៍​ទាំងនេះ គួបផ្សំ​នឹង​ការតាំងចិត្ដ និង​ការខិតខំ​ព្យាយាម​របស់​គាត់ ណា​រ៉ា ត្រូវបាន​សមាជិក​បណ្ដា​ញ​កុមារ អ្នកតស៊ូ​មតិ ចាត់ទុកជា​សមាជិក​ឆ្នើម​មួយរូប និង​បោះឆ្នោត​ឱ្យធ្វើជា​ប្រធាន​របស់​បណ្ដាញ​ដែលមាន​សមាជិក​ក្នុង ១១រាជធានី-ខេត្ដ នេះ ក្នុង​ឆ្នាំ២០០៧។

យុវជន បៀ​ង រ៉ៃ​យ៉ា ជា​អតីត​ប្រធាន CAN ជំនាន់​ក្រោយ​ណា​រ៉ា បាន​និយាយថា “សមាជិក​ក្នុង​ក្រុម​ទាំងអស់​សុទ្ធតែ ចូល​ចិ​ត្ដ​បង​ណា​រ៉ា ពីព្រោះ​គាត់​តែងតែមាន​ទំនាក់ទំនង​ល្អ និង​ជាម​នុស្ស​ឆ្លាត និង​ពូកែ​បង្កើត​គំនិតថ្មីៗសំរាប់​ក្រុម​បណ្ដាញ កុមារ​យើង។ រ៉ៃ​យ៉ា បាន​បន្ថែមថា ណា​រ៉ា​ជា​មនុស្ស​ចូល​ចិ​ត្ដ​លេងសើច​ច្រើន​ដោយ​មិន​ប្រកាន់ខ្លួន និង​រាប់អាន​មិ​ត្ដ​ភក្ដិ គ្រប់​ប្រភេទ​ទោះបី​មុន និង​ក្រោយពេល​គាត់​ក្លាយជា​តារា​ក៏ដោយ។ ជាងនេះទៅទៀត គាត់​តែងតែ​ចែករំលែក​នូវ​ចំណេះដឹង ពី​ការចូលរួម​សកម្មភាព​នានា ក៍​ដូចជា​បទពិសោធន៍ផ្សេងៗដែល​គាត់​មាន ទៅឱ្យ​សមាជិក​ក្រុម​ទៀតផង។

ក្នុងតួនាទី​ជា​ប្រធាន​បណ្ដាញ​កុមារ​អ្នកតស៊ូ​មតិ និង​ជា​សមាជិក​ក្លឹប​កុមារ ណា​រ៉ា បាន​ចូលរួម​ចំណែក​​ក្នុង​ការងារ អភិវឌ្ឍន៍​សង្គម​ជាច្រើន ដូចជាៈ ចុះ​ផ្សព្វផ្សាយ​ពី​បញ្ហា​ជួញដូរ កេងប្រវ័ញ្ច​ផ្លូវភេទ ទេសចរណ៍​ផ្លូវភេទ និង​ពលកម្ម​កុមារ បញ្ហា​សុខភាព​បន្ដ​ពូជ​យុវវ័យ គ្រឿង​ញៀន ជំងឺ​អេដស៍ ជំងឺ​កាមរោគ បំ​និ​ន​ជីវិត ការពន្យា​កំណើត ដល់​ប្រជាពលរដ្ឋ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត មន្ដ្រីរាជការ អាជ្ញាធរ ម្ចាស់​អាជីវកម្ម ម្ចាស់​សិប្បកម្ម ម្ចាស់ផ្ទះ​សំណាក់ និង​សណ្ឋាគារ​គ្រប់​មជ្ឈដ្ឋាន ទាំង​ក្នុង​ទីប្រជុំជន ក៏ដូចជា​នៅតាម​តំបន់​មូលដ្ឋាន​នានា ក្នុង​ខេត្ដ​ព្រះសីហនុ ជាពិសេស​ដល់​កុមារ គ្រប់​ប្រភេទ ដើម្បីឱ្យ​ពួកគេ​យល់ដឹង​ពី​សិទ្ធិ​របស់ខ្លួន និង​ចេះ​ការពារ​​ខ្លួន​ឱ្យ​ចៀស​ផុតពី​ការរំលោភបំពានផ្សេងៗ ដូចជា កុមារ​ធ្វើការ​នៅតាម​ឡូ​តិ៍​នេសាទ កុមារ​រើស​សំរាម កុមារ​អនាថា កុមារ​រស់នៅក្នុង​អង្គការ និង​កុមារ​លក់ដូរ​នៅតាម ឆ្នេរសមុទ្រ​ជាដើម។ ការផ្សព្វផ្សាយ​នេះ​ធ្វើ​ឡើងជា​ក្រុម តាម​មធ្យោបាយ​ជាច្រើន ដូចជាៈ ដើរ​ដង្ហែរ​ជា​ក្បួន ការសំដែង​រឿង​ខ្លី និពន្ធ​ជា​អត្ថបទ​រឿង​អប់រំ តែង​កំណាព្យ ការប្រគុំ​តន្ដ្រី កម្មវិធី​វេទិកា​សារ​ធារ​ណៈ ច្រៀង​ចំរៀង​អប់រំ កម្មវិធី​សំនួរ-ចំលើយ កម្មវិធី​ជជែក​តាម​វិទ្យុ ការបោះ​ជំរុំ​ជួបជុំ​យុវវ័យ ការប្រជុំ​រាយការណ៍​ប្រចាំខែ​ដល់​សមាជិក​ក្លឹប ។ល។ ណា​រ៉ា​ក៏​ជា​សមាជិក​ម្នាក់ របស់​បណ្ដាញ​ការពារ​កុមារ​ដែលមាន​តួនាទី​ឃ្លាំមើល​សកម្មភាព​រំលោភ​បំពាន​លើ​កុមារ​ទាំងឡាយ ក្នុង​សហគមន៍​ផងដែរ។

ក្រៅពីនេះ ណា​រ៉ា ក៏បាន​ចំណាយ​ពេលទំនេរ​ពី​ការសិក្សា​របស់ខ្លួន ចូលរួម​ជា​តំណាងឱ្យ​កុមារ​ក្នុង​ខេត្ដ​ព្រះសីហនុ និង​កុមារ​កម្ពុជា ក្នុង​វគ្គ​សិក្ខាសាលា និង​កិច្ចប្រជុំសំខាន់ៗជាច្រើន ដើម្បី​ជជែក​ក៏ដូចជា​ញំនាំ​បញ្ហា​កុមារ​ពី​សហគមន៍​មូលដ្ឋាន ទៅ​ជំរាប​ដល់​ក្រុម​អ្នកធ្វើ​សេចក្ដីសម្រេច​ចិ​ត្ដ ទាំង​កំរិត​ជាតិ និង​អន្ដរជាតិ។ ឧទាហរណ៍ ក្នុង​ឆ្នាំ២០០៧ ណា​រ៉ា បាន​ចូលរួម​ផ្ដល់ យោបល់​លើ​ពង្រាង​របាយការណ៍​រប​ស់​រដ្ឋាភិបាល​ស្ដីពី​ការ​អនុវត្ដ​សិទ្ធិ​កុមារ​នៅ​កម្ពុជា និង​ចូលរួម​ផ្ដល់យោបល់ និង​អនុសាសន៍ លើ​ការរៀបចំ​ច្បាប់​ស្ដីពី​យុត្ដិធម៌​អនីតិជន​ទំនាស់​នឹង​ច្បាប់។ ក្នុង​ឆ្នាំ​ដដែល​នេះ ណា​រ៉ា ក៏​ត្រូវបាន​បោះឆ្នោត​ឱ្យទៅ​ចូលរួម​ក្នុង ស​ន្និសិទ​កុមារ​នៃ​តំបន់​អាស៊ីអាគ្នេយ៍ នៅ​ប្រទេស​ហ្វីលីពីន ដើម្បី​រៀបចំសេចក្ដី​ថ្លែងការណ៍​កុមារ​អាស៊ាន​មួយ សម្រាប់​ដាក់ជូន ថ្នាក់ដឹកនាំ​អាស៊ាន​ទាំងអស់។ ជាមួយនឹង​ឱកាស​ចូលរួម​ទាំងនេះ ណា​រ៉ា ទទួលបាន​ចំណេះដឹង និង​បទពិសោធន៍ថ្មីៗជាច្រើន ដែល​គាត់​តែង​យកមកចែក​រំលែក​ដល់​កុមារ​កម្ពុជា​ផ្សេងទៀត​ដែល​ពុំបាន​ចូលរួម។

“ចំណេះដឹង បទពិសោធន៍ សមត្ថភាព ដែល​ខ្ញុំ​ខំ​សន្សំ បានផ្ដល់​ភាពជោគជ័យ​មកឱ្យ​ខ្ញុំ​ដោយ​នឹកស្មាន​មិន​ដល់ ព្រមទាំង​ជួយផ្ដល់​ជា​ផ្លូវ​ដើម្បី​តំរង់​ទិសដៅ​ជីវិត​របស់ខ្ញុំ​ទៀតផង“ ណា​រ៉ា និយាយ​ដោយ​ក្ដីរំភើប និង​មោទនភាព។ លោក​បាន បន្ដទៀតថា ការដែល​លោក​បាន​ប្រលង​ជាប់​ជា​ប្រុស​ឆ្លាត​នេះ ក៍​ដោយសារ​ចំណេះដឹង និង​បទពិសោធន៍ ដ៏​មានតម្លៃ​ទាំងនោះ គួបផ្សំ​ជាមួយនឹង​ទេពកោសល្យ​ពី​ធម្មជាតិ ការខិតខំ​ប្រឹងប្រែង​ហាត់​លត់​ដំ​ខ្លួន​ដោយ​មិន​ខ្លាច​ការនឿយហត់ ការជួយ​តំ​រែ​តំរង់ ពី​អ្នក​នៅ​ជុំវិញ ជាពិសេស​ការគាំទ្រ​ពី​ក្រុមគ្រួសារ​របស់លោក។

ណា​រ៉ា​បាន​បញ្ជាក់ថា នេះ​គឺជា​ជោគជ័យ​ថ្មី​ដ៍​ធំ​បំផុត​នៅក្នុង​ជីវិត​របស់លោក វា​មិន​ត្រឹមតែ​ផ្ដល់​កិ​ត្ដិ​យស​ដល់​រូបលោក តែ​ម្នាក់​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្ដល់នូវ​កិ​ត្ដិ​យស​ដ៏​ធំធេង​ដល់​ក្រុមគ្រួសារ មិ​ត្ដ​ភក្ដិ និង​អ្នក​នៅ​ជុំវិញ​លោក ដែល​ធ្វើឱ្យ​ពួកគេ​មាន មោទនភាព​ចំពោះ​រូបលោក​ជាខ្លាំង។ ជាមួយនឹង​ជ័យលាភី​នេះ ណា​រ៉ា​បាន​យល់ដឹង​ច្រើន​ថែមទៀត​ពី​វិស័យ​សិល្បៈ និង​សង្គម។  “ខ្ញុំ​បាន​រៀន និង​ស្គាល់​ច្បាស់​អំពី​វប្បធម៌ ប្រពៃណី​ខ្មែរ របាំ​ប្រពៃណី ចំរៀង​ប្រពៃណី និង​សំលៀកបំពាក់​ខ្មែរ​បុរាណ។ ទន្ទឹមនឹងនេះ ណា​រ៉ា​ក៏បាន​រៀនសូត្រ​ពី​រសជាតិ​នៃ​ជីវិត​ពិត ដោយបាន​ស្គាល់​ការលំបាក និង​ការតស៊ូ​រស់នៅ​ឆ្ងាយ​ពី​ផ្ទះ ការរៀន​នូវ​សុជីវធម៌​រស់នៅ​ប្រចាំថ្ងៃ ការ​ដេក ដើរ ឈរ អង្គុយ ហូបចុក នៅក្នុង​សង្គម និង​ទទួលបាន​នូវ​មិ​ត្ដ​ភាព ដ៏​ល្អ​ពី​សំណាក់​មិ​ត្ដ​ភក្ដិ​រួម​ក្រុម ដែល​ជួយ​ឱ្យ​គាត់​ប្រែក្លាយ​ខ្លួន​ទៅជា​មនុស្ស​ថ្មី​មួយរូប​ទៀត។

លោក មាស សំណាង អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​សិទ្ធិ​កុមារ (NGOCRC) បានឱ្យដឹងថា “ណា​រ៉ា​ជា​ក្មេង​មា្ន​ក់​ដែលមាន​ភាពក្លាហាន មានការ​ប្ដេជ្ញា​ចិ​ត្ដ​ខ្ពស់ និង​បាន​ចំណាយ​ពេលវេលា​ផ្ទាល់ខ្លួន ដើម្បី​ពង្រឹង​នូវ​សមត្ថភាព​ឱ្យមាន​ការទទួលស្គាល់​ពី​សង្គម។ លោក​បាន​បន្ថែមទៀតថា អ្វីដែល​ធ្វើឱ្យ​ណា​រ៉ា​មាន​ភាពជោគជ័យ ដូច​ថ្ងៃនេះ​គឺ ចរិត​បែប​វិជ្ជមាន​របស់គាត់ ដែល​ជួយ​ឱ្យ​គាត់​មាន​ភាព​លេចធ្លោ​នៅក្នុង​ចំណោម​ក្រុម​កុមារ និង​យុវជន ជាពិសេស​គឺអាច​ឱ្យ​គាត់​ចូល​ចុះ​ទាំង​ក្នុងចំណោម​កុមារ និង​មនុស្ស​ចាស់។ យើង​ក៏​មិនអាច​បដិសេធ​បានដែរ ថា​ជោគជ័យ​របស់ ណា​រ៉ា គឺ​បាន​មួយចំណែក​មកពី​បទពិសោធ​ន៍​ការងារ​ដែល​បានផ្ដល់​ដោយ​បណ្ដាញ​កុមារ​អ្នកតស៊ូ​មតិ(CAN) និង​ស្ថាប័ន​អង្គការ នានា​ដែល​ណា​រ៉ា​បាន​ចូលរួម។

លោក​សំណាង​បានបញ្ជាក់​ទៀតថា ចំពោះ​រូបលោក​ផ្ទាល់​ក៏ដូចជា​ក្រុម​បណ្ដាញ​កុមារ​អ្នកតស៊ូ​មតិ មាន​មោទនភាព និង​រីករាយ​យ៉ាងខ្លាំង​នូវ​ភ័ព្វសំណាង ព្រមទាំង​ជោគជ័យ​ថ្មី​របស់​ណា​រ៉ា ដែល​បាន​ក្លាយជា​តារា​មួយ​ដួង​ក្នុង​ពិភព​សិល្បៈ។ វា​បាន​កែប្រែ​ស្ថានភាព​ណា​រ៉ា ពី​ក្មេង​ក្រីក្រ​ធម្មតា​ម្នាក់​ឱ្យទៅជា​មនុស្ស​ដែលមាន​គោលដៅ​ជីវិត​មួយ​ច្បាស់លាស់ មាន​ទំនួល ខុសត្រូវ​លើ​ខ្លួនឯង រៀន​ស្គា​ល់ពី​ការលំបាក ការប្រកួតប្រជែង ការរៀបចំ​អត្ដ​ចរិត ការនិយាយស្ដី និង​សុជីវធម៌​ក្នុងសង្គម។

បច្ចុប្បន្ននេះ ណា​រ៉ា​ជា​បុគ្គលិក​នៃ​បណ្ដាញ​ទូរទស្សន៍​កម្ពុជា ស៊ី​ធី​អិន មាន​តួនាទី​ជា​ពិធីករ​អាន​ព័ត៌មាន និង​ជា​អ្នក​វាយ អត្ថបទ​ព័ត៌មាន ដែល​ទទួលបាន​ប្រាក់កំរៃ​សមរម្យ​សំរាប់​ផ្គត់ផ្គង់​ការសិក្សា​រៀនសូត្រ និង​ការរស់នៅ​ប្រចាំថ្ងៃ ។ សព្វថ្ងៃ ពេលទំនេរ​ពី​ការងារ និង​ការសិក្សា ណា​រ៉ា​ក៏បាន​ឆ្លៀត​ដើរ​បង្ហាញ​ម៉ូត​ឱ្យ​ហាង​សំលៀកបំពាក់​មួយ និង​ថត​សំដែង​ខ្សែភាពយន្ដ និង​ចំរៀង​កាយវិការ ដែលជា​ក្ដី​ប្រាថ្នា​របស់លោក​តាំងពី​នៅ​តូច។ ទន្ទឹមនឹងនេះ ណា​រ៉ា ក៏​តែងតែ​ចំណាយពេល ចូលរួម​ជួយ ចែករំលែក​ចំណេះដឹង បទពិសោធន៍ និង​ចូលរួម​ក្នុង​សកម្មភាព​នានា​របស់​បណ្ដាញ​កុមារ​អ្នកតស៊ូ​មតិជារឿយៗផងដែរ។

ណា​រ៉ា បាន​ប្រលង​ជាប់​ចំណាត់ថ្នាក់​លេខ១ ក្នុង​កម្មវិធី​ស្រី​ឆ្លាត​ប្រុស​ឆ្លាត ក្នុង​ឆ្នាំ២០០៩ ដែលមាន​បេក្ខជន​បេ​ក្ខ​នារី ចំនួន​ច្រើនជាង ៨០០០នាក់ មកពី ១៥ រាជធានី-ខេត្ដ ចូលរួម​ប្រកួតប្រជែង។

nara2

(ដោយៈ គង់ អង្គារ​វ​លក្ខណ៍ និង​ឡាយ រតនា)

បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត (ថ្ងៃសុក្រ ទី31ខែ​ធ្នូឆ្នាំ2010)

 
Google bookmarkDel.icio.usTwitterFacebookDigg

khmer-unicode

Bamboo Shoots Document


រូបថត​សកម្មភាព
ព័ត៌មានថ្មីៗ